លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥!
លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាជាតិគយ ដែលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធាន ដើមកំណើតទំនិញ” សម្រាប់វិស័យឯកជន សរុប ១០០រូប ដែលមានសមាសភាពមកពីសភាពាណិជ្ជកម្មកម្ពុជា (CCC), សមាគមភស្តុភារកម្មកម្ពុជា (CLA), សភាពាណិជ្ជកម្មអាម៉េរិក (AmCham), សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham), សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា (CCCC), សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC), ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងការវិនិយោគកូរ៉េប្រចាំនៅកម្ពុជា (KOTRA), ក្រុមហ៊ុនសមាជិកក្រុមធុរៈជនល្អបំផុត (Best Traders), ក្រុមហ៊ុននាំចេញ-នាំចូល នីតិបុគ្គល និងរូបវន្តបុគ្គលជើងសាគយមួយចំនួន។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកអគ្គនាយករង សុខ សុវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងបង្កើនចំណេះដឹងវិស័យឯកជន លើទិដ្ឋភាពបច្ចេកទេសគយទាំង៣ផ្នែក តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញ ជាពិសេសពីនាយកដ្ឋានផែនការនិងបច្ចេកទេស ដែលផ្តោតលើការរំលឹក និងផ្សព្វផ្សាយពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនិងនីតិវិធីគយថ្មីៗ រួមជាមួយការចែករំលែកបទពិសោធន៍អនុវត្តជាក់ស្តែង និងបញ្ហានានាដែលបានជួបប្រទះកន្លងមក ដើម្បីជាការក្រើនរំលឹក និងឈានទៅកាត់បន្ថយកំហុសនានាឱ្យបានជាអតិបរមា ក្នុងកិច្ចដំណើការស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងសំអាងដើមកំណើតទំនិញ។
ទន្ទឹមនេះ លោកអគ្គនាយករង សុខ សុវិទ្យា ក៏បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដែលអាចធ្វើឱ្យគយនិងវិស័យឯកជន យល់គ្នាកាន់តែច្បាស់ ព្រោះវគ្គនេះអាចចាត់ទុកជាវេទិកាតូចមួយ សម្រាប់វិស័យឯកជន អាចលើកសំណួរ សំណូមពរ ឬប្រធានបទដែលចាប់អារម្មណ៍ ទៅកាន់មន្ត្រីជំនាញដើម្បីពន្យល់បកស្រាយឱ្យអស់ចម្ងល់ ស្រដៀងនឹងយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM)ដែរ។
ជាចុងបញ្ចប់ លោកអគ្គនាយករងបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ស្តាប់ រួចបន្តចែករំលែកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ឱ្យបានទូលំទូលាយដល់សហការីនៅតាមទីកន្លែងបំពេញការងាររៀងៗខ្លួន ដើម្បីញ៉ាំងឱ្យដំណើរការបំពេញបែបបទគយ ប្រព្រឹត្តទៅបានកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព និងជាប្រយោជន៍ដល់ធុរៈជនម្ចាស់ទំនិញនិងសង្គមជាតិទាំងមូល។
វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់នៅរសៀលថ្ងៃដដែល ប្រកបដោយលទ្ធផលល្អប្រសើរ ជាមួយនឹងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕